នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦, នៅសណ្ឋាគារសុខាភ្នំពេញ
————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពី ការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃ កសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (គ.ដ.ប.អ.) ។
កិច្ចប្រជុំនេះមានគោលបំណង៖ (១) បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួង, (២) ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូលផ្ដុំទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋ ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ និង (៣) ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ក្រុមការងារ របស់គណៈកម្មការអន្តរក្រសួង និងផែនការសកម្មភាពរបស់គណៈកម្មការចំពោះកិច្ចតាមរាជធានី-ខេត្ត ដើម្បីដឹកនាំសម្របសម្រួល គាំទ្រ និងតាមដាន ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់។